ព្រះត្រៃបិដក ភាគ ៧៥
ព្រះអង្គទ្រទ្រង់លក្ខណៈ ៣២ ប្រការ ដូចជាព្រះចន្រ្ទមាននក្ខត្តឫក្សដ៏ល្អ ទ្រង់បរិបូណ៌ដោយអនុព្យញ្ជនៈ ដូចជាដើមសាលរាជមានផ្ការីក។ ទ្រង់មានបណ្តាញគឺរស្មី បិទបាំងដូចជាមាសមិនប្រែពណ៌ ដែលជាងមាសដុតហើយ មានពន្លឺមួយព្យាមផ្សាយជុំវិញ ដូចជាព្រះអាទិត្យមានរស្មីដ៏ច្រើន។ ព្រះជិនស្រីប្រសើរ មានព្រះភក្រ្តដូចមាស ឬដូចជាភ្នំ ជាទីរីករាយ មានព្រះហឫទ័យពេញដោយករុណា (ប្រកប) ដោយគុណដូចជាសាគរ។ មានកេរ្តិឈ្មោះល្បីល្បាញក្នុងលោក ដូចជាភ្នំដ៏ឧត្តមឈ្មោះសិនេរុ ទ្រង់ជាអ្នកប្រាជ្ញ ផ្សាយចេញទៅដោយយស ជាមុនីដូចជាអាកាស។ ព្រះលោកនាយក មានព្រះហឫទ័យមិនជាប់ចំពាក់ក្នុងទីទាំងពួង ដូចជាខ្សល់ ជាមុនីទី ៧ ជាទីពឹងរបស់ពួកសត្វទាំងអស់ ដូចជាផែនដី។ ព្រះអង្គមិនប្រឡាក់ដោយលោក ដូចជាផ្កាឈូកមិនទទឹកដោយទឹក ទ្រង់រុងរឿងដូចជាគំនរភ្លើងឆេះគុម្ពកុវាទៈ។
ID: 637643844565700312
ទៅកាន់ទំព័រ៖