ព្រះត្រៃបិដក ភាគ ៧៥

ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​កា​រតំ​កល់​នូវ​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តិង្ស។ ឥឡូវនេះ ដល់​មក​បច្ឆិមភព ខ្ញុំ​បាន​មក​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ កាល​ខ្ញុំ​នៅក្នុង​ផ្ទៃ​នៃ​មាតា មាតា (របស់ខ្ញុំ) ជា​ស្រី​មាន​កាយ​ក្លិនក្រអូប។ កាលណា ខ្ញុំ​ចេញ​ចាក​ផ្ទៃ​នៃ​មាតា កាលនោះ ក្រុង​សាវត្ថី ផ្សាយ​ចេញ​ដោយ​គ្រឿងក្រអូប​ទាំងពួង ហាក់ដូចជា​គេ​អប់។ ភ្លៀង​ជា​វិការៈ​នៃ​ផ្កា​ក្រអូប មាន​ក្លិន​ដូចជា​ក្លិន​ទិព្យ ជាទី​រីករាយ​នៃ​ចិត្ត​ផង ធូប​ទាំងឡាយ​មាន​ថ្លៃ​ដ៏​ច្រើន​ផង ក៏​ផ្សាយ​ចេញ​ក្នុងខណៈនោះ។ ខ្ញុំ​កើត​ក្នុង​ផ្ទះ​ណា ទេវតា​ទាំងឡាយ អប់​នូវ​ផ្ទះ​នោះ ដោយ​គ្រឿងក្រអូប​ទាំងពួង​ផង ដោយ​ធូប និង​ផ្កា​ទាំងឡាយ​ផង ដោយ​ក្លិន​ទិព្យ​ផង។ កាលណា ខ្ញុំ​នៅក្មេង​កំពុង​ចម្រើន ឋិតនៅ​ក្នុង​បឋមវ័យ កាលនោះ ព្រះ​នរ​សារថី ទ្រង់​ទូន្មាន​នូវ​ជន​ដ៏​សេស ព្រមទាំង​បរិស័ទ។
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 637643845202107001
ទៅកាន់ទំព័រ៖