ព្រះត្រៃបិដក ភាគ ៧៥

ព្រះអង្គ​ប្រកបដោយ​បរិស័ទ​ទាំងឡាយ​ទាំងពួង​នោះ ស្តេច​មកកាន់​ក្រុង​សាវត្ថី កាលនោះ ខ្ញុំ​បានឃើញ​នូវ​អានុភាព​នៃ​ព្រះពុទ្ធ​នោះ ហើយ ក៏​បួស។ ខ្ញុំ​អប់រំ​ធម៌​ដ៏​ប្រសើរ​ទាំង ៤ គឺ​សីល សមាធិ បញ្ញា និង​វិមុត្តិ ហើយ​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ។ ខ្ញុំ​បួស​ក្នុង​កាលណា​ផង ខ្ញុំ​បាន​ជា​ព្រះអរហន្ត​ក្នុង​កាលណា​ផង ខ្ញុំ​បរិនិព្វាន​ក្នុង​កាលណា​ផង ភ្លៀង​មាន​ក្លិនក្រអូប​ក៏​បង្អុរ​ចុះ ក្នុង​កា​លនោះៗ។
 ក្លិន​របស់​សរីរៈ​ខ្ញុំ ជា​ក្លិន​ដ៏​ប្រសើរ គ្រប​សង្កត់​នូវ​ក្លិន​នៃ​ខ្លឹមចន្ទន៍ ផ្កា​ចម្បា និង​ផ្កា​ឧប្បល មាន​ថ្លៃ​ច្រើន ម្យ៉ាងទៀត ខ្ញុំ​ទៅ​ក្នុង​ទីណា​ក៏ដោយ តែង​ផ្សាយ​ក្លិនក្រអូប គ្រប​សង្កត់​នូវ​ក្លិន​ដទៃ ដោយសព្វគ្រប់។
 កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោលចេញ​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ៤១២ | បន្ទាប់
ID: 637643845516950367
ទៅកាន់ទំព័រ៖