ព្រះត្រៃបិដក ភាគ ៧៥

ព្រះពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក គួរ​ទទួល​នូវ​គ្រឿងបូជា ទ្រង់​សរសើរ​ទាន​របស់ខ្ញុំ ហើយ​ធ្វើ​អនុមោទនា​ដល់​ខ្ញុំ​ថា
បុរស​នេះ​មិនទៅ​កាន់​វិនិបាត អស់​សែន​នៃ​កប្ប ដោយ​ការ​ឲ្យ​សំពត់​មួយ​នេះ​ផង ដោយ​កា​រតំ​កល់​ចេតនា​នេះ​ផង។ បុរស​នេះ នឹង​បាន​ជា​ព្រះឥន្ទ សោយរាជ្យ​ជា​សេ្តច​នៃ​ទេវតា អស់ ៣៦ ដង នឹង​បាន​ជា​ស្តេច​ចក្រពត្តិ អស់ ៣៣ ដង។ នឹង​បាន​សោយ​បទេស​រាជ្យ​ដ៏​ធំ​ទូលាយ រាប់​ជាតិ​មិន​អស់ កាល​អន្ទោល​ទៅ​ក្នុង​ទេវលោក ឬក្នុង​មនុស្សលោក ជា​អ្នកមាន​រូបល្អ បរិបូណ៌​ដោយ​គុណ មាន​រាងកាយ​កំពុង​ប្រព្រឹត្តទៅ នឹង​បាន​នូវ​សំពត់​តាម​សេចក្តី​ប្រាថ្នា ជា​អក្ខោភិនី​រាប់មិនអស់។ ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ជា​អ្នកប្រាជ្ញ លុះ​ត្រាស់​ភាសិត​នេះ​ហើយ ទ្រង់​ហោះ​ទៅ​ឯអាកាស ដូចជា​រាជហង្ស កាល​ហើរ​ឰដ៏​អាកាស។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637643681372107278
ទៅកាន់ទំព័រ៖