ព្រះត្រៃបិដក ភាគ ៧៥
ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកទុស្សទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកទុស្សទាយកត្ថេរាបទាន។
ឯកាសនទាយកត្ថេរាបទាន ទី៣
[១៣] មានភ្នំមួយឈ្មោះកសិកៈ ដែលនៅជិតព្រៃហិមពាន្ត ខ្ញុំបានធ្វើអាស្រមមួយយ៉ាងល្អ ទាំងបានកសាងបណ្ណសាលាមួយដ៏ល្អល្អះ នៅក្បែរភ្នំនោះ។ កាលនោះ ខ្ញុំមាននាមថានារទៈ តែគេស្គាល់ខ្ញុំថាកស្សបៈវិញ ខ្ញុំកំពុងស្វែងរកមគ្គដ៏ស្អាត នៅជិតភ្នំកសិកៈ។ ព្រះជិនសិរីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ប្រាថ្នារកវិវេក បានសេ្តចយាងមកតាមផ្លូវអាកាស។
ID: 637643681937106942
ទៅកាន់ទំព័រ៖