ព្រះត្រៃបិដក ភាគ ៧៥

ខ្ញុំ​បានឃើញ​រស្មី​ព្រះពុទ្ធ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ កំពុង​យាង​លើ​ទីបំផុត​នៃ​ព្រៃ ក៏បាន​តាក់តែង​គ្រែ​ឈើ ហើយ​ក្រាល​ស្បែក​ខ្លា​ថ្វាយ។ ខ្ញុំ​លុះ​ក្រាល​អាសនៈ​រួចហើយ ក៏​ប្រណម្យ​អញ្ជលី​លើ​ក្បាល បាន​ទទួល​សោមនស្ស ហើយ​ពោល​ពាក្យ​នេះ​ថា បពិត្រ​ព្រះអង្គ ជា​អ្នកប្រាជ្ញ ព្រះអង្គ​ជា​ពេទ្យ​វះ អ្នកព្យាបាល​ពួក​ជំងឺ បពិត្រ​ព្រះ​នាយក សូម​ព្រះអង្គ​ប្រទាន​នូវ​ការព្យាបាលរោគ ដល់​ខ្ញុំ​ព្រះអង្គ​ដែល​រាគៈ​កំពុង​គ្រប​សង្កត់។ បពិត្រ​ព្រះអង្គ​ជា​អ្នកប្រាជ្ញ ពួក​ជន​ណា ជា​អ្នក​ត្រូវការ​ដោយ​បុណ្យ បើ​បានឃើញ​ព្រះអង្គ ជា​ព្រះពុទ្ធ​ដ៏​ប្រសើរ តែង​ដល់​នូវ​ការសម្រេច​ប្រយោជន៍​ដ៏​ទៀងទាត់ ការ​មិន​មាន​សេចក្តី​គ្រាំគ្រា គប្បី​មានដល់​ជន​ទាំងនោះ។ ទេយ្យវត្ថុ​ដែល​ខ្ញុំ​គួរ​ថ្វាយ​ចំពោះ​ព្រះអង្គ មិន​មាន (ព្រោះ) ខ្ញុំ​ជា​អ្នក​បរិភោគ​តែ​ផ្លែឈើ​ដែល​ជ្រុះ​ឯង នេះ​អាសនៈ​របស់ខ្ញុំ សូម​ព្រះអង្គ​គង់​លើ​គ្រែ​ឈើ​នេះ​ចុះ។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637643682202575708
ទៅកាន់ទំព័រ៖