ព្រះត្រៃបិដក ភាគ ៧៥
នឹងបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ កាលបើអន្ទោលទៅក្នុងសង្សារ នឹងជាអ្នកបានសេចកី្តសុខស្រួល ក្នុងទីទាំងពួង។ ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញ ព្រះនាមបទុមុត្តរៈ លុះត្រាស់ភាសិតនេះហើយ ក៏ហោះឡើងទៅឯនភាល័យ ដូចជារាជហង្ស កាលហើរឰដ៏អាកាស។
ខ្ញុំតែងបាននូវវត្ថុទាំងអស់នោះ គឺយានដំរី យានសេះ ព្រមទាំងរថ និងរថទ្រង់គ្រឿង នេះជាផលនៃអាសនៈមួយ។ កាលណាខ្ញុំចូលទៅក្នុងព្រៃ ប្រាថ្នារកអាសនៈ ស្រាប់តែបល្ល័ង្កផុសលេចឡើង ព្រោះបានដឹងនូវសេចក្តីត្រិះរិះរបស់ខ្ញុំ (ក្នុងកាលនោះ)។ កាលណាបើខ្ញុំទៅនៅកណ្តាលទឹក ប្រាថ្នារកអាសនៈ ស្រាប់តែបល្ល័ង្កផុសលេចឡើង ព្រោះបានដឹងសេចក្តីត្រិះរិះរបស់ខ្ញុំកាលនោះ។ ខ្ញុំចូលទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស បល្ល័ង្កមួយសែន តែងចោមរោមខ្ញុំសព្វៗកាល។ ខ្ញុំតែងអន្ទោលទៅមកក្នុងភពពីរ គឺទេវតា និងមនុស្ស ម្យ៉ាងទៀត តែងកើតក្នុងត្រកូលពីរ គឺក្សត្រ និងព្រាហ្មណ៍។
ID: 637643684310662101
ទៅកាន់ទំព័រ៖