ព្រះត្រៃបិដក ភាគ ៧៥
ក្នុងរវាង ៣០ ពាន់កប្ប ខ្ញុំបានឃើញព្រះលោកនាយក អាស្រ័យនូវចន្លោះនេះ ហើយស្វះស្វែងរកនូវអមតបទ គឺនិព្វាន។ ខ្ញុំឈ្មោះថាមានលាភហើយ អត្តភាពជាមនុស្ស ឈ្មោះថាខ្ញុំបានល្អហើយ ព្រោះខ្ញុំបានដឹងនូវពាក្យប្រៀនប្រដៅនៃព្រះពុទ្ធ វិជ្ជាបី ខ្ញុំបានដល់តាមលំដាប់ហើយ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ លុះខ្ញុំពោលសរសើរចំពោះព្រះញាណរួចហើយ ក៏បានដល់នូវអមតបទ គឺនិព្វាន។ ខ្ញុំចូលទៅកើតក្នុងកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំរមែងបានសេចក្តីសុខ ក្នុងទីទាំងពួង នេះជាផលរបស់ខ្ញុំ ក្នុងការពោលសរសើរញាណ។ នេះរាងកាយជាខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្កាច់នូវចំណង។
ID: 637643671582732307
ទៅកាន់ទំព័រ៖