ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំឃើញដើមល្ហុងខ្ញែរមានផ្ការីក ជាឈើដុះលើផែនដីហើយ ក៏កាន់យកផ្កា ព្រមទាំងសណ្តង់ បូជាចំពោះស្នាមព្រះបាទាដ៏ប្រសើរ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ចេតនានោះផង ខ្ញុំលុះលះបង់រាងកាយជារបស់មនុស្ស ក៏បានទៅកើតឯឋានតាវត្តិង្ស។ ខ្ញុំទៅយកកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំតែងមានសម្បុរ ព្រមទាំងរស្មីដូចល្ហុងខែ្ញរ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើអំពើល្អក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាស្នាមព្រះបាទ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ។
ID: 637643686383006180
ទៅកាន់ទំព័រ៖