ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំបានសោយទេវរាជ្យ ជាស្តេចនៃទេវតាអស់ ៥១ ដង បានជាសេ្តចចក្រពត្តិអស់ ៣១ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។ ខ្ញុំបានសោយនូវបុណ្យរបស់ខ្លួន ដល់នូវសេចក្តីសុខក្នុងភពតូច និងភពធំ។ កាលខ្ញុំអន្ទោលទៅក្នុងភពតូច និងភពធំ តែងនឹកឃើញនូវសញ្ញានោះ តែមិនអាចនឹងចាក់ធ្លុះនូវនិព្វាន ជាបទមិនឃ្លៀងឃ្លាតបាន ដោយហេតុណាមួយឡើយ។ មានសមណៈមួយរូប មានឥន្ទ្រិយអប់រំហើយ គង់នៅក្នុងផ្ទះនៃបិតារបស់ខ្ញុំ ហើយសម្តែងនូវគាថា ពោលនូវអនិច្ចតាធម៌ក្នុងផ្ទះនោះថា ឱហ៎្ន សង្ខារទាំងឡាយមិនទៀងទេ មានកិរិយាកើតឡើង និងការវិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ រមែងរលត់ទៅវិញ លុះតែការរម្ងាប់នូវសង្ខារទាំងឡាយនោះ ទើបនាំមកនូវសេចក្តីសុខ។ ខ្ញុំបានស្តាប់ធម៌ ព្រមទាំងគាថា ហើយនឹកឃើញនូវសញ្ញាទាំងពួង អង្គុយលើអាសនៈមួយ ក៏ដល់នូវព្រះអរហត្ត។
ID: 637643687737380837
ទៅកាន់ទំព័រ៖