ព្រះត្រៃបិដក ភាគ ៧៥
ខ្ញុំយកស្រូវអំពីស្រែ ចូលទៅរកព្រះសម្ពុទ្ធ លុះចូលទៅដល់ព្រះសម្ពុទ្ធ ព្រះអង្គជាច្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈហើយ ក៏ថ្វាយបង្គំព្រះបាទានៃព្រះសាសា្ត រួចក្រាបទូលថា បពិត្រព្រះមុនី សំទូងថ្មី (របស់ខ្ញុំ) បរិបូណ៌ហើយ ទាំងព្រះអង្គ ក៏គង់នៅក្នុងទីនេះ បពិត្រព្រះអង្គមានចក្ខុ សូមព្រះអង្គអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយទទួលនិមន្ត។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿងបូជា ព្រះអង្គជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំហើយ ទ្រង់សម្តែងនូវពាក្យនេះថា បុគ្គល ៤ ពួក កំពុងប្រតិបត្តិ បុគ្គល ៤ ពួក ឋិតនៅក្នុងផល។ នេះជាសង្ឃមានព្រះទ័យស្លូតត្រង់ ប្រកបដោយបញ្ញា និងសីលទាន ដែលមនុស្សទាំងឡាយអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលធ្វើនូវការសន្សំបុណ្យ បានឲ្យហើយចំពោះព្រះសង្ឃ រមែងមានផលច្រើន ឯសំទូងនៃអ្នកនេះ ដែលអ្នកគប្បីឲ្យចំពោះព្រះសង្ឃនោះ ក៏មានផលច្រើន ដូច្នោះដែរ។
ID: 637643688531287145
ទៅកាន់ទំព័រ៖