ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុចិន្តិតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុចិន្តិតត្ថេរាបទាន។
សោណ្ណកឹកណិយត្ថេរាបទាន ទី៩
[១៩] ខ្ញុំចេញទៅកាន់ផ្នួសដោយសទ្ធា ទ្រទ្រង់ចីវរសម្បកឈើ ពឹងផ្អែកនូវតបោកម្ម។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ប្រសើរជាងនរៈ បានត្រាស់ឡើង ហើយចំឡងនូវមហាជន។ កំឡាំងរបស់ខ្ញុំអស់ហើយ ដោយសារព្យាធិយ៉ាងធ្ងន់ ខ្ញុំរលឹកនូវព្រះសម្ពុទ្ធដ៏ប្រសើរ ហើយធ្វើព្រះស្តូបដ៏ឧត្តម លើផ្នូកខ្សាច់។ ខ្ញុំមានចិត្តរីករាយ មានចិត្តខ្ពង់ខ្ពស់ មានសេចក្តីជ្រះថ្លា បានរោយរាយនូវផ្កាកណ្តឹងមាសទាំងឡាយ។
ID: 637643689913162156
ទៅកាន់ទំព័រ៖