ព្រះត្រៃបិដក ភាគ ៧៥

(លុះ​ឃើញ​ហើយ) ខ្ញុំ​ដងទឹក​ដោយ​សម្បក​ឃ្លោក ហើយ​ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ​ប្រសើរ ខ្ញុំ​លាង​នូវ​ព្រះ​បាទា​នៃ​ព្រះសម្ពុទ្ធ ហើយ​ថ្វាយ​សម្បក​ឃ្លោក​នោះ។ ចំណែក​ព្រះសម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​បង្គាប់​ខ្ញុំ​ថា អ្នក​ចូរ​យក​ទឹក​ដោយ​សម្បក​ឃ្លោក​នេះ ហើយ​ដាក់​ក្នុង​ទី​ជិត​បាទា​តថាគត​ចុះ។ ខ្ញុំ​ក៏​ទទួល​ថា សាធុ ដោយ​សេចក្តី​គោរព​ចំពោះ​ព្រះ​សាស្តា ហើយ​យក​ទឹក​ដោយ​សម្បក​ឃ្លោក ចូល​ទៅ​ថ្វាយព្រះ​សម្ពុទ្ធ​ដ៏​ប្រសើរ។ ព្រះសម្ពុទ្ធ​ទ្រង់​មាន​ព្យាយាម​ធំ បាន​ញុំាង​ចិត្ត​របស់ខ្ញុំ​ឲ្យ​រលត់ ទ្រង់​អនុមោទនា​ថា តម្រិះ​ត្រូវ ចូរ​សម្រេច​ដល់​អ្នក ដោយ​កិរិយា​ឲ្យ​នូវ​សម្បក​ឃ្លោក​នេះ​ចុះ។ ក្នុង​កប្ប​ទី ១៥ អំពី​ភទ្ទកប្ប​នេះ ខ្ញុំ​ត្រេកអរ​ក្នុង​ទេវលោក ថែមទាំង​បាន​ជា​ស្តេច​ចក្រពត្តិ ៣៣ ដង។ កាល​ខ្ញុំ​ដើរ ឬឈរ​ក្នុង​វេលា​ថ្ងៃ ឬក្នុង​វេលា​យប់ ជន​ទាំងឡាយ​តែង​ឈរ​កាន់​ឈើច្រត់​ជា​វិការៈ​នៃ​មាស នៅ​ពី​ខាងមុខ​ខ្ញុំ។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637643690926287182
ទៅកាន់ទំព័រ៖