ព្រះត្រៃបិដក ភាគ ៧៥
ព្រោះខ្ញុំថ្វាយសម្បកឃ្លោកដល់ព្រះសម្ពុទ្ធ ទើបខ្ញុំបានឈើច្រត់ជាវិការៈនៃមាស ការបូជាសូម្បីតែបន្តិចបន្តួចដែលជនធ្វើហើយ ចំពោះបុគ្គលទាំងឡាយ ដែលមិនញាប់ញ័រដោយលោកធម៌ រមែងប្រែទៅជាគ្រឿងបូជាដ៏ធំទូលាយ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសម្បកឃ្លោក ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសម្បកឃ្លោក។ កិលេសទាំងឡាយ ខ្ញុំដុតចោលអស់ហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីដ៏ប្រសើរកាត់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះសម្ពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
ID: 637643691183787770
ទៅកាន់ទំព័រ៖