ព្រះត្រៃបិដក ភាគ ៧៥
ស្ទឹង (នោះ) មានច្រាំងទាប មានកំពង់រាបស្មើ ជាទីរីករាយនៃចិត្ត បរិបូណ៌ដោយសត្វត្រី និងអណ្តើក មានសត្វក្រពើនៅអាស្រ័យ។ ពួកសត្វខ្លាឃ្មុំ ក្ងោក ខ្លាដំបង ករវិក និងសាលិកា តែងបន្លឺសំឡេងសព្វៗកាល សត្វទាំងនុ៎ះ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកតាវៅមានសំឡេងពីរោះ និងហង្សមានសូរសព្ទពីរោះ តែងយំឆ្លើយគ្នា (សព្វៗកាល) សត្វទាំងនុ៎ះ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ក្នុងទីនោះ។ ពួកសីហៈ ខ្លាធំ ជ្រូក កុក ឆ្កែព្រៃ និងខ្លារខិន តែងបន្លឺសំឡេងក្បែរជ្រោះភ្នំ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកម្រឹគទ្រាយ ម្រឹគខ្ទីង ចចក និងជ្រូកជាច្រើន តែងបន្លឺសំឡេងក្បែរជ្រោះភ្នំ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកដើមរាជព្រឹក្ស ដើមចម្បា ដើមច្រនៀង ដើមឈើភ្លើង ដើមរំដួល និងដើមអសោក ក៏ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។
ID: 637643672135232071
ទៅកាន់ទំព័រ៖