ព្រះត្រៃបិដក ភាគ ៧៥
ឯកសង្ខិយត្ថេរាបទាន ទី២
[២២] មានពិធីឆ្លងដើមពោធិព្រឹក្សរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី មហាជន មកជួបជុំគា្នបូជាដើមពោធិព្រឹក្សដ៏ឧត្តម។ ដើមពោធិព្រឹក្សប្រាកដដូច្នេះ របស់ព្រះសាស្តាអង្គណា ដែលជនទាំងឡាយគួរបូជា ព្រះសាស្តាអង្គនោះ ជាព្រះសម្ពុទ្ធដ៏ប្រសើរ ទ្រង់មានប្រាជ្ញា ព្រះអង្គប្រាសចាកសេចក្តីសោកដ៏ធំ។ លំដាប់នោះ ខ្ញុំកាន់ស័ង្ខចូលទៅបម្រើពោធិព្រឹក្ស ខ្ញុំផ្លុំស័ង្ខ ហើយថ្វាយបង្គំពោធិព្រឹក្សដ៏ឧត្តមតែរាល់ៗថ្ងៃ។ កុសលកម្មដែលខ្ញុំធ្វើហើយក្នុងទីជិត ខ្ញុំក៏បានទៅកើតក្នុងទេវលោក សាកសព ខ្ញុំទម្លាក់ចោលហើយ ខ្ញុំតែងត្រេកអរក្នុងទេវលោក។ ខ្ញុំតែងត្រេកត្រអាល ស្រស់ស្រាយរីករាយនឹងតូរ្យតន្ត្រី ៦ ម៉ឺន តូរ្យតន្ត្រីនោះ តែងបម្រើខ្ញុំសព្វៗកាល នេះជាផលនៃពុទ្ធបូជា។
ID: 637643692511287086
ទៅកាន់ទំព័រ៖