ព្រះត្រៃបិដក ភាគ ៧៥
ក្នុងកប្បទី ៧១ ខ្ញុំបានកើតជាស្តេចឈ្មោះសុទស្សនៈ ជាអ្នកឈ្នះសង្គ្រាម មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ជាឥស្សរៈក្នុងជម្ពូទ្វីប។ លំដាប់នោះ តូរ្យតន្ត្រី ៨០០ តែងចោលរោមខ្ញុំសព្វៗកាល ខ្ញុំបានទទួលផលនៃកុសលកម្មរបស់ខ្លួន នេះជាផលនៃការបម្រើ។ ខ្ញុំកើតក្នុងកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស កាលដែលខ្ញុំឋិតនៅក្នុងផ្ទៃនៃមាតា ស្គរទាំងឡាយតែងប្រគំសព្វៗកាល។ ព្រោះខ្ញុំបម្រើនូវព្រះសម្ពុទ្ធ ទើបបានសម្បត្តិទាំងឡាយ ហើយដល់នូវព្រះនិពា្វន ជាបទដ៏ក្សេម មិនមានមន្ទិល មិនចេះស្លាប់ មិនកម្រើក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរផ្តាច់នូវទន្លីង។
ID: 637643692730662121
ទៅកាន់ទំព័រ៖