ព្រះត្រៃបិដក ភាគ ៧៥
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិរួចហើយ។
បានឮថា ព្រះញាណត្ថវិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ញាណត្ថវិកត្ថេរាបទាន។
ឧច្ឆុក្ខណ្ឌិកត្ថេរាបទាន ទី៥
[២៥] ខ្ញុំកើតជាអ្នករក្សាទ្វារ ក្នុងនគរពន្ធុមតី បានឃើញព្រះពុទ្ធ ព្រះអង្គមានធូលីទៅប្រាសហើយ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកអំពៅមួយកំណាត់ ទៅថ្វាយព្រះពុទ្ធដ៏ប្រសើរ ព្រះនាមវិបស្សី ព្រះអង្គជាអ្នកស្វែងរកនូវគុណដ៏ធំ។
ID: 637643694153630877
ទៅកាន់ទំព័រ៖