ព្រះត្រៃបិដក ភាគ ៧៥
ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះវិភេទកពីជិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វិភេទកពីជិយត្ថេរាបទាន។
កោលទាយកត្ថេរាបទាន ទី២
[៣២] កាលនោះ ខ្ញុំស្លៀកស្បែកខ្លា ទ្រទ្រង់សំពត់សម្បកឈើ បានរែកផ្លែពទ្រាមួយអម្រែក ទៅឯអាស្រមរបស់ខ្ញុំ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធ ព្រះនាមសិខី ព្រះអង្គមិនមានបុគ្គលជាគម្រប់ពីរ រុងរឿងសព្វៗកាល ទ្រង់សេ្តចចូលទៅក្នុងអាស្រមរបស់ខ្ញុំ តែមួយព្រះអង្គឯង។
ID: 637643706261756205
ទៅកាន់ទំព័រ៖