ព្រះត្រៃបិដក ភាគ ៧៥

វេលុ​វផលិ​យត្ថេ​រាប​ទាន ទី៣


 [៣៣] អាស្រម​របស់ខ្ញុំ ខ្ញុំ​បាន​ធ្វើល្អ​ហើយ ទៀប​ឆ្នេរ​ស្ទឹង​ចន្ទ​ភា​គា ជា​អាស្រម​ដ៏​ដេរដាស​ដោយ​ដើម​ព្នៅ ទាំង​មាន​ពួក​ឈើ​ផ្សេងៗ ដុះ​នៅ​ក្បែរ​អាស្រម​នោះ។ ខ្ញុំ​បានឃើញ​ផ្លែ​ព្នៅ​មាន​ក្លិនក្រអូប បាន​បេះ​ផ្លែ​ព្នៅ​នោះ ដាក់​ពេញ​ភារៈ​គឺ​អម្រែក ហើយ​ត្រេកអរ មានចិត្ត​សង្វេគ នឹកដល់​ព្រះសម្ពុទ្ធ​ដ៏​ប្រសើរ។ ខ្ញុំ​បាន​ចូល​ទៅ​គាល់​ព្រះអង្គ ព្រះនាម​កកុសន្ធៈ ហើយ​ថ្វាយ​ផ្លែ​ព្នៅ​ទុំ​ដល់​ព្រះសម្ពុទ្ធ ជា​អ្នកប្រាជ្ញ ជា​ស្រែបុណ្យ ដោយចិត្ត​ជ្រះថ្លា។ ក្នុង​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ​ព្នៅ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ផ្លែ​ព្នៅ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ចេញ​ហើយ ភព​ទាំងអស់ ខ្ញុំ​បាន​ដក​រំលើង​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637643706843943374
ទៅកាន់ទំព័រ៖