ព្រះត្រៃបិដក ភាគ ៧៥

សី​ហាស​និ​កត្ថេ​រាប​ទាន ទី៧


 [៣៧] ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយ​សីហាសនៈ ដល់​ព្រះមានព្រះភាគ ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ស្វែងរក​ប្រយោជន៍​ដល់​សត្វ​ទាំងពួង។ ខ្ញុំ​នៅក្នុង​ទី​ណាៗ ក្នុង​ទេវលោក ឬក្នុង​មនុស្សលោក រមែង​បាន​នូវ​វិមាន​ដ៏​ធំ​ទូលាយ ក្នុង​ទី​នោះៗ នេះ​ជា​ផល​នៃ​សីហាសនៈ។ បល្ល័ង្ក​ទាំងឡាយ​ដ៏​ច្រើន សុទ្ធតែ​ជា​វិការៈ​នៃ​មាស និង​ប្រាក់​ផង ជា​វិការៈ​នៃ​កែវ​ក្រហម​ផង ជា​វិការៈ​នៃ​កែវមណី​ផង តែង​កើតឡើង​សម្រាប់​ខ្ញុំ​សព្វៗកាល។ ខ្ញុំ​កើត​ក្នុង​ត្រកូល​ខ្ពស់ ព្រោះតែ​ធ្វើ​អាសនៈ​ទៀប​ដើមពោធិ​ព្រឹក្ស ថ្វាយព្រះ​សម្ពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ឱ! ភាព​នៃ​ព្រះធម៌​ជា​ធម៌​ដ៏​ល្អ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​នូវ​សីហាសនៈ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​សីហាសនៈ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​ចោល​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637643708632537227
ទៅកាន់ទំព័រ៖