ព្រះត្រៃបិដក ភាគ ៧៥
ជគតិវគ្គ ទី៤៦
ជគតិទាយកត្ថេរាបទាន ទី១
[៤១] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឲ្យគេពូនផែនដី ជិតដើមពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះមហាមុនី ព្រះនាមធម្មទស្សី។ ខ្ញុំរបូតធ្លាក់ក្នុងជ្រោះក្តី អំពីភ្នំក្តី អំពីដើមឈើក្តី រមែងបាននូវទីពឹង នេះជាផលនៃការពូនផែនដី។ ចោរទាំងឡាយ មិនហ៊ានបៀតបៀនខ្ញុំ ក្សត្រទាំងឡាយ មិនហ៊ានមើលងាយខ្ញុំ ខ្ញុំកន្លងផុតនូវសត្រូវទាំងពួង នេះជាផលនៃការពូនផែនដី។ ខ្ញុំកើតក្នុងកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស អ្នកផងតែងបូជាក្នុងទីទាំងពួង នេះជាផលនៃការពូនផែនដី។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យគេពូនផែនដី ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការពូនផែនដី។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។
ID: 637643710965037086
ទៅកាន់ទំព័រ៖