ព្រះត្រៃបិដក ភាគ ៧៥

សុ​មន​តាល​វណ្តិ​យត្ថេ​រាប​ទាន ទី៥


 [៥៥] ខ្ញុំ​បាន​យក​ធាង​ស្លឹកត្នោត មក​ស្រោប​ដោយ​ផ្កាម្លិះ ហើយ​បាំង​ថ្វាយព្រះ​មាន​ព្រះ​ភាគ ព្រះនាម​សិទ្ធត្ថៈ ទ្រង់​មានយស​ធំ។ ក្នុង​កប្ប​ទី ៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​ថ្វាយ​ធាង​ស្លឹកត្នោត ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ធាង​ស្លឹក​តោ្ន​ត។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​ចោល​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សុ​មន​តាល​វណ្តិ​យត្ថេ​រមាន​អយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សុ​មន​តាល​វណ្តិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637643716559568713
ទៅកាន់ទំព័រ៖