ព្រះត្រៃបិដក ភាគ ៧៥
បង្សុកូលវគ្គ ទី៤៩
បង្សុកូលសញ្ញកត្ថេរាបទាន ទី១
[៧១] ព្រះជិនស្រីមានព្រះភាគ ព្រះនាមតិស្សៈ ជាព្រះសយម្ភូ ជាលោកនាយក ព្រះអង្គបានតំកល់ទុកនូវសំពត់បង្សុកូល ហើយស្តេចចូលទៅក្នុងវិហារ។ ខ្ញុំបានកាន់យកធ្នូ ដែលខ្លួនរៀបចំស្រេចហើយ មានទាំងទឹកបំពង់ កាន់ទាំងដាវដើរចូលទៅក្នុងព្រៃ។ គ្រានោះ ខ្ញុំបានឃើញសំពត់បង្សុកូល ដែលព្រះអង្គពាក់ទុកលើចុងឈើ ក្នុងទីនោះ ខ្ញុំបានដាក់បំពង់ព្រួញចុះ ក្នុងទីនោះឯង ហើយបានធ្វើអញ្ជលីលើសិរ្យៈ។ ខ្ញុំមានចិត្តជ្រះថ្លា រីករាយដោយបីតិដ៏ធំទូលាយ នឹករលឹកចំពោះព្រះពុទ្ធដ៏ប្រសើរ ហើយថ្វាយបង្គំនូវសំពត់បង្សុកូល។ ក្នុងកប្បទី ៩២អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំនូវសំពត់បង្សុកូល ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ។
ID: 637643742177537088
ទៅកាន់ទំព័រ៖