ព្រះត្រៃបិដក ភាគ ៧៥
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញអស់ហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណងដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបង្សុកូលសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បង្សុកូលសញ្ញកត្ថេរាបទាន។
ពុទ្ធសញ្ញកត្ថេរាបទាន ទី២
[៧២] ខ្ញុំជាអ្នកស្វាធ្យាយមន្ត ចេះចាំនូវមន្ត ដល់នូវត្រើយនៃត្រៃវេទ ក្នុងលក្ខណសាស្រ្ត និងឥតិហាសសាស្រ្ត ព្រមទាំងនិឃណ្ឌុសាស្រ្ត និងកេដុភសាស្រ្ត។ ក្នុងកាលនោះ ពួកសិស្សរបស់ខ្ញុំ មកកាន់ (សំណាក់) នៃខ្ញុំ បៀបដូចជាខ្សែទឹកស្ទឹង ខ្ញុំក៏បានបង្ហាញមន្តដល់សិស្សទាំងនេះ ឥតមានខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ ។
ID: 637643742497224606
ទៅកាន់ទំព័រ៖