ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះបុឡិនុប្បាទកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បុឡិនុប្បាទកត្ថេរាបទាន។
តរណិយត្ថេរាបទាន ទី៨
[៧៨] ព្រះតថាគតមានព្រះភាគ ព្រះនាមអត្ថទស្សី ជាព្រះសយម្ភូ ជាលោកនាយក សេ្តចបានចូលទៅទៀបឆ្នេរស្ទឹងវិនតា។ ខ្ញុំជាអណ្តើក គោចរក្នុងទឹក បានងើបអំពីទឹក មានប្រាថ្នានឹងចម្លងនូវព្រះពុទ្ធជាម្ចាស់ បានចូលទៅជិតព្រះលោកនាយក ហើយពោលថាបពិត្រព្រះមហាមុនី សូមព្រះពុទ្ធជាម្ចាស់ ព្រះនាមអត្ថទស្សី ទ្រង់ឡើងគង់លើខ្នងនៃខ្ញុំព្រះអង្គចុះ ខ្ញុំព្រះអង្គនឹងចំឡងព្រះអង្គ ព្រោះព្រះអង្គបានធ្វើនូវទីបំផុតនៃទុក្ខ។
ID: 637643749895506561
ទៅកាន់ទំព័រ៖