ព្រះត្រៃបិដក ភាគ ៧៥
កឹកណិបុប្ផវគ្គ ទី៥០
តីណិកឹកណិបុប្ផិយត្ថេរាបទាន ទី១
[៨១] ខ្ញុំបានឃើព្រះពុទ្ធ ព្រះនាមវិបសី្ស ទ្រង់មិនមានធូលី ជានាយកក្នុងលោក ព្រះអង្គគង់នៅនាចន្លោះភ្នំ ទ្រង់រុងរឿងដូចជាផ្កាកណិការ។ ខ្ញុំបានលើកយកនូវផ្កាកណ្តឹង ៣ ទង ថ្វាយព្រះសម្ពុទ្ធ លុះបូជាព្រះសម្មាសម្ពុទ្ធហើយ ខ្ញុំមានមុខបែរឆ្ពោះដើរទៅកាន់ទិសខាងត្បូង។ ដោយអំពើដែលខ្ញុំបានធ្វើហើយ ដោយល្អនោះផង ដោយចេតនាដែលខ្ញុំបានតំកល់ទុកនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតឯឋានតាវតិ្តង្ស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះសម្ពុទ្ធក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។
ID: 637643753797381266
ទៅកាន់ទំព័រ៖