ព្រះត្រៃបិដក ភាគ ៧៥
មធុមំសទាយកត្ថេរាបទាន ទី៤
[៤] ខ្ញុំជាអ្នកសម្លាប់ជ្រូក នៅក្នុងក្រុងពន្ធុមតី បានចំអិនគ្រឿងទេស ហើយរោយលើសាច់មានរសឆ្ងាញ់។ ខ្ញុំចូលទៅកាន់ទីប្រជុំ ហើយបានយកបាត្រមួយ មកដាក់បំពេញដោយសាច់ឆ្ងាញ់នោះ ហើយប្រគេនដល់ព្រះភិក្ខុសង្ឃ។ កាលនោះ ភិក្ខុអង្គណាជាថេរៈ ចាស់ជាងគេ ខ្ញុំក៏ប្រគេនភិក្ខុនោះ ខ្ញុំបាននូវសេចក្តីសុខធំទូលាយ ដោយសារការបំពេញបាត្រដោយសាច់ឆ្ងាញ់នោះ។ ខ្ញុំបានទទួលនូវសម្បត្តិទាំងពីរ ត្រូវកុសលមូលដាស់តឿន ក៏បានដុតបំផ្លាញកិលេស ក្នុងបច្ឆិមភពដែលកំពុងប្រព្រឹត្តទៅ។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាក្នុងទីនោះហើយ បានទៅកើតឯឋានតាវត្តិង្ស ខ្ញុំឆីក្តី ផឹកក្តី តែងបានសេចក្តីសុខដ៏ធំទូលាយ ក្នុងឋាននោះ។ ខ្ញុំតែងរលឹកឃើញនូវបុព្វកម្ម ក្នុងមណ្ឌប ឬទៀបគល់ឈើ ភ្លៀងគឺបាយ និងទឹក តែងបង្អុរចុះដល់ខ្ញុំ ក្នុងខណៈនោះ។
ID: 637643675393513228
ទៅកាន់ទំព័រ៖