ព្រះត្រៃបិដក ភាគ ៧៥

កឹ​សុ​កបុប្ផិ​យត្ថេ​រាប​ទាន ទី៤


 [៨៤] ខ្ញុំ​បានឃើញ​ផ្កា​ចារី​កហើយ (បេះ​ផ្កា​នោះ) រួច​ផ្គង​អញ្ជលី ប្រណម្យ​ឡើង នឹកដល់​ព្រះសម្មាសម្ពុទ្ធ​ដ៏​ប្រសើរ ហើយ​បាន​បូជា​បោះ​ផ្កា​នោះ​ទៅ​ឰដ៏​អាកាស។ ដោយ​អំពើ​ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​ល្អ​នោះ​ផង ដោយចេតនា​ដែល​ខ្ញុំ​បាន​តំ​កល់​ទុក​ហើយ​នោះ​ផង ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ទៅ ក៏បាន​ទៅ​កើត​ឯឋាន​តាវត្តិង្ស។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​នូវ​កុសលកម្ម ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637643775546131618
ទៅកាន់ទំព័រ៖