ព្រះត្រៃបិដក ភាគ ៧៥

បិ​យាល​ផល​ទាយ​កត្ថេ​រាប​ទាន ទី១០


 [៩០] ក្នុង​ភព​មុន ខ្ញុំ​កើតជា​ព្រានម្រឹគ កាលនោះ ខ្ញុំ​បាន​ត្រាច់​ទៅ​ក្នុង​ព្រៃធំ បានឃើញ​ព្រះសម្ពុទ្ធ ព្រះអង្គ​មិន​មាន​ធូលី​គឺ​កិលេស ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​យក​ផ្លែ​ទ្រយឹង មក​ថ្វាយព្រះ​ពុទ្ធ​ដ៏​ប្រសើរ​ជា​បុញ្ញកេ្ខត្ត ព្រះអង្គ​មាន​ព្យាយាម ដោយដៃ​របស់​ខ្លួន។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ​ទ្រយឹង ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​អស់ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637643779600041004
ទៅកាន់ទំព័រ៖