ព្រះត្រៃបិដក ភាគ ៧៥

ផល​ទាយក​វគ្គ ទី៥២
កុរ​ញ្ជិយ​ផល​ទាយ​កត្ថេ​រាប​ទាន ទី១


 [១០១] ក្នុង​ភព​មុន ខ្ញុំ​កើតជា​ព្រានម្រឹគ ត្រេច​ទៅ​ក្នុង​ព្រៃធំ បានឃើញ​ព្រះសម្ពុទ្ធ ទ្រង់​ប្រាសចាក​ធូលី ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​កាន់​យក​ផ្លែ​កុរ​ញ្ជិយ​ព្រឹក្ស ថ្វាយព្រះ​ពុទ្ធ​ដ៏​ប្រសើរ ជា​បុញ្ញ​ក្ខេ​ត្រ ជា​អ្នកប្រាជ្ញ ដោយដៃ​របស់​ខ្លួន។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផល​ទាន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូច​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិ​បតិ្តហើយ។
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637643786485370390
ទៅកាន់ទំព័រ៖