ព្រះត្រៃបិដក ភាគ ៧៥

ឃោស​សញ្ញ​កត្ថេ​រាប​ទាន ទី៨


 [១០៨] ក្នុង​ភព​មុន ខ្ញុំ​កើតជា​ព្រានម្រឹគ​នៅក្នុង​ព្រៃធំ ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ទ្រង់​ប្រាសចាក​ធូលី មាន​ពួក​ទេវតា​ចោមរោម​ហើយ កំពុង​ប្រកាស​នូវ​សច្ច ៤ សម្តែង​នូវ​អមតបទ។ ខ្ញុំ​បាន​ស្តាប់ធម៌​ដ៏​ពីរោះ​របស់​ព្រះពុទ្ធ ព្រះនាម​សិខី ជា​ផៅពង្ស​នៃ​សត្វលោក។ ខ្ញុំ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ឃោស​សព្ទ​របស់​ព្រះ​សិខី​សម្ពុទ្ធ ដែល​រក​បុគ្គល​ប្រៀប​ស្មើ​មិន​មាន ខ្ញុំ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះអង្គ ហើយ​បាន​ឆ្លង​នូវ​ភព ដែល​សត្វ​ហែល​ឆ្លង​បាន​ដោយ​កម្រ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សញ្ញា ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ឃោស​សញ្ញា។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​របស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 637643789203495772
ទៅកាន់ទំព័រ៖