ព្រះត្រៃបិដក ភាគ ៧៥
តិណទាយកវគ្គ ទី៥៣
តិណមុដ្ឋទាយកត្ថេរាបទាន ទី១
[១១១] នៅជិតភ្នំហិមពាន្ត មានភ្នំមួយឈ្មោះលម្ពកៈ ព្រះតិស្សសម្ពុទ្ធ ស្តេចចង្រ្កមនាទីវាលក្បែរភ្នំនោះ។ ក្នុងកាលមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាទេវតាក្រៃលែងជាងទេវតា ខ្ញុំបានថ្វាយស្មៅមួយក្តាប់។ លុះខ្ញុំបានថ្វាយស្មៅដល់ព្រះសម្ពុទ្ធ ដើម្បីគង់ហើយ ញុំាងចិត្តឲ្យជ្រះថ្លា បានថ្វាយបង្គំព្រះសម្ពុទ្ធ រួចបែរមុខទៅកាន់ឧត្តរទិស ដើរចេញទៅ។ ស្រាប់តែមានស្តេចម្រឹគមកបៀតបៀនខ្ញុំ ដែលទើបនឹងដើរទៅភ្លាម ខ្ញុំត្រូវសត្វសីហៈបៀតបៀនហើយ ក៏ធ្វើមរណកាលក្នុងទីនោះ។ អាសន្នកម្មដែលខ្ញុំធ្វើហើយ ចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គមិនមានអាសវៈ ខ្ញុំក៏បានទៅកើតក្នុងទេវលោក ដូចកំឡាំងកូនសរដែលផុតស្រឡះ (ចាកបំពង់ព្រួញ)។
ID: 637643791341776570
ទៅកាន់ទំព័រ៖