ព្រះត្រៃបិដក ភាគ ៧៥
អព្ភញ្ជនទាយកត្ថេរាបទាន ទី៤
[១១៤] ខ្ញុំនៅក្នុងព្រះរាជឧទ្យាន ក្បែរក្រុងពន្ធុមវតី កាលនោះ ខ្ញុំស្លៀកសំពត់ស្បែក ទ្រទ្រង់ល័ក្កចាន់។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ប្រាសចាកធូលី គឺកិលេស ជាព្រះសយម្ភូ ទ្រង់ឈ្នះកិលេស មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានព្រះហឫទ័យបញ្ជូនទៅកាន់ព្រះនិព្វាន ទ្រង់ជាឥសី ទ្រង់មានឈាន ត្រេកអរក្នុងឈាន។ លុះខ្ញុំឃើញព្រះសម្ពុទ្ធ ទ្រង់សម្រេចសេចក្តីប្រាថ្នាទាំងពួងផង ទ្រង់ឆ្លងនូវអន្លង់ ទាំងមិនមានអាសវៈផង ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយថ្នាំបន្តក់ភ្នែក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃថ្នាំបន្តក់ភ្នែក។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។
ID: 637643792895839085
ទៅកាន់ទំព័រ៖