ព្រះត្រៃបិដក ភាគ ៧៥
មហាកប្បិនត្ថេរាបទាន ទី៣
[១២៣] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់រុងរឿង ដូចព្រះអាទិត្យរះឡើងឰដ៏អជតាកាស ក្នុងសរទកាល។ ព្រះអង្គទ្រង់ញុំាងផ្កាឈូកគឺពួកវិនេយ្យសត្វឲ្យរីក ដោយពន្លឺគឺព្រះពុទ្ធដីកា ព្រះនាយកទ្រង់ញុំាងភក់ គឺកិលេសឲ្យរីងស្ងួត ដោយរស្មីគឺប្រាជ្ញា។ ព្រះនាយកទ្រង់សម្លាប់យសរបស់ពួកតិរ្ថិយ ដោយប្រាជ្ញាដូចកែវវជីរ ព្រះអង្គប្រកាសធម៌ក្នុងទីទាំងពួង ដូចព្រះអទិត្យញុំាងយប់ និងថ្ងៃឲ្យភ្លឺសព្វ។ ព្រះអង្គជាទីកើតនៃគុណទាំងឡាយ ដូចជាសាគរជាទីកើតនៃរតនៈទាំងឡាយ ទ្រង់តែងបង្អុរភ្លៀងគឺធម៌ ឲ្យដល់ពួកសត្វ ដូចមេឃបង្អុរភ្លៀង។ កាលនោះ ខ្ញុំជាចៅក្រម (អ្នកកាត់ក្តី) ក្នុងនគរឈ្មោះហង្សវតី បានចូលទៅស្តាប់ធម៌របស់ព្រះមុនី ព្រះនាមបទុមុត្តរៈ ដែលកំពុងប្រទានឱវាទដល់ពួកភិក្ខុ កំពុងប្រកាសនូវគុណនៃសាវ័កអ្នកមានសតិ ទ្រង់ញុំាងចិត្តរបស់ខ្ញុំឲ្យរីករាយ។
ID: 637643801987401667
ទៅកាន់ទំព័រ៖