ព្រះត្រៃបិដក ភាគ ៧៥
បត្ថោទនទាយកត្ថេរាបទាន ទី៩
[៩] កាលពីភពមុន ខ្ញុំបានកើតជាថ្មើរព្រៃ ប្រកបការក្នុងព្រៃរឿយៗ បានយកបាយដែលចំអិនដោយអង្ករចំនួនមួយនាឡិ ហើយដើរទៅធ្វើការងារ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាព្រះសយម្ភូ ទ្រង់ឈ្នះមារ ព្រះអង្គកំពុងសេ្តចចេញពីព្រៃទៅបិណ្ឌបាតក្នុងទីនោះ លុះខ្ញុំបានឃើញហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាថា អញរវល់តែប្រកបក្នុងការងារឲ្យអ្នកដទៃ ចំណែកបុណ្យរបស់អញ មិនមាន ឥឡូវនេះ បាយដែលចំអិនដោយអង្ករមួយនាឡិនេះមាន អញនឹងនិមន្តព្រះមុនីនេះ ឲ្យឆាន់បាយនេះ។ ខ្ញុំយកបាយដែលចំអិនដោយអង្ករមួយនាឡិ ថ្វាយព្រះសយម្ភូ កាលខ្ញុំកំពុងតែសំឡឹងមើល ព្រះមហាមុនីទ្រង់សោយ។ ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតឯឋានតាវត្តិង្សដោយកម្ម ដែលធ្វើល្អហើយនោះផង ដោយការតំកល់ចេតនានោះផង។
ID: 637643678627107035
ទៅកាន់ទំព័រ៖