ព្រះត្រៃបិដក ភាគ ៧៥
រាធត្ថេរាបទាន ទី៩
[១២៩] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុ ជាអ្នកប្រាជ្ញ ជ្រាបច្បាស់នូវលោកទាំងពួង ស្តេចកើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះពុទ្ធទ្រង់ឈ្លាសក្នុងការទេសនា ទ្រង់ប្រទានឱវាទ ញុំាងសត្វឲ្យត្រាស់ដឹង ចម្លងសត្វទាំងពួង ទ្រង់ញុំាងប្រជុំជនច្រើនឲ្យឆ្លង (ចាកលោក)។ ព្រះអង្គមានសេចក្តីអនុគ្រោះ មានសេចក្តីអាណិតអាសូរ ស្វែងរកប្រយោជន៍ដល់សព្វសត្វ ទ្រង់ញុំាងពួកតិរិ្ថយទាំងពួង ដែលមកប្រជុំគ្នាឲ្យតាំងនៅក្នុងសីល ៥។ កាលយ៉ាងនេះ សាសនានេះមិនវឹកវរ សូន្យចាកពួកតិរិ្ថយ វិចិត្រដោយពួកព្រះអរហន្ត ជាបុគ្គលស្ទាត់ជំនាញ ប្រកបដោយតាទិគុណ។ ព្រះមហាមុនីនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។
ID: 637643827398512906
ទៅកាន់ទំព័រ៖