ព្រះត្រៃបិដក ភាគ ៧៥
មញ្ចទាយកត្ថេរាបទាន ទី១០
[១០] កាលព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ ប្រកបដោយសេចក្តីករុណា ទ្រង់បរិនិព្វានហើយ កាលសាសនាកំពុងផ្សាយចេញទៅ មានពួកទេវតា និងមនុស្សធ្វើសក្ការៈហើយ។ ខ្ញុំកើតជាមនុស្សចណ្ឌាល អ្នកធ្វើតាំងឈ្មោះអាសន្ទិ (តាំងមានជ្រុង ៤ សើ្ម) ក្នុងទីនោះ ខ្ញុំរស់នៅដោយការងារនោះ ទាំងបានចិញ្ចឹមទារក និងប្រពន្ធដោយការងារនោះដែរ។ ខ្ញុំមានចិត្តជ្រះថ្លា បានធ្វើតាំងឈ្មោះអាសន្ទិ វិចិត្រយ៉ាងល្អដោយដៃរបស់ខ្លួន ហើយនាំចូលទៅប្រគេនព្រះភិក្ខុសង្ឃ ដោយខ្លួនឯង។ ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតឯឋានតាវត្តិង្សដោយកម្មដែលខ្លួនធ្វើល្អហើយនោះផង ដោយការតំកល់ចេតនានោះផង។ ខ្ញុំកាលទៅកាន់ទេវលោក រមែងរីករាយក្នុងពួកទេវតានៅឋានតាវត្តិង្ស ទីសម្រាប់ដេកមានថ្លៃច្រើន ក៏កើតឡើងតាមសេចក្តីប្រាថ្នា (របស់ខ្ញុំ)។
ID: 637643679392263610
ទៅកាន់ទំព័រ៖