ព្រះត្រៃបិដក ភាគ ៧៥
កាឡុទាយិត្ថេរាបទាន ទី៦
[១៣៦] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ ព្រះសាស្តា ទ្រង់ប្រសើរជាងពួកអ្នកទូន្មាន ទ្រង់ជ្រាបនូវគុណ និងទោស ព្រះអង្គឈ្នះមារ ជាកតញ្ញូកតវេទីបុគ្គល ទ្រង់ញុំាងពួកសត្វឲ្យប្រកបក្នុងកំពង់ គឺធម្មវិន័យ។ ព្រះអង្គជាសព្វញ្ញូ មានសេចក្តីអាណិតសត្វ ជាទីអាស្រ័យ ទ្រង់សន្សំនូវគុណរកទីបំផុតគ្មាន ទ្រង់ថ្លឹងមើលដោយញាណនោះ ហើយសម្តែងនូវធម៌ដ៏ប្រសើរ។ ក្នុងកាលណាៗ ក៏ដោយ ព្រះសាស្តា មានព្យាយាមមាំមួន មានការបរិសុទ្ធស្អាតជាងប្រជុំជនជាអនន្ត ទ្រង់សម្តែងធម៌ដ៏ពីរោះ ប្រកបដោយសច្ចៈ ៤។ ពួកសត្វចំនួនមួយសែន បានត្រាស់ដឹងមគ្គផល ព្រោះបានស្តាប់នូវធម៌ដ៏ប្រសើរ មានលំអខាងដើម កណ្តាល និងខាងចុង។
ID: 637643839279465742
ទៅកាន់ទំព័រ៖