ព្រះត្រៃបិដក ភាគ ៧៥
វនវច្ឆត្ថេរាបទាន ទី៩
[១៣៩] ក្នុងភទ្ទកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈ មានផៅពង្សប្រសើរ មានយសធំ ទ្រង់ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងហើយ។ កាលនោះ ខ្ញុំបួសក្នុងសាសនានៃព្រះពុទ្ធនោះ ប្រព្រឹត្តព្រហ្មចារ្យដរាបអស់ជីវិត ហើយច្យុតចាកអត្តភាពនោះ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ខ្ញុំច្យុតចាកឋានតាវត្តិង្សនោះ មកកើតជាព្រាបនៅក្នុងព្រៃ មានភិក្ខុមួយរូប បរិបូណ៌ដោយគុណ ត្រេកអរក្នុងឈាន នៅក្នុងទីនោះសព្វកាល។ (ភិក្ខុនោះ) មានមេត្តាចិត្ត មានសេចក្តីករុណា មានមុខរីករាយសព្វកាល ប្រកបដោយឧបេក្ខា មានព្យាយាមធំ ឈ្លាសក្នុងអប្បមញ្ញាទាំងឡាយ។
ID: 637643843256012867
ទៅកាន់ទំព័រ៖