ព្រះត្រៃបិដក ភាគ ៧៥

សត្ត​កទម្ព​បុប្ផិ​យត្ថេ​រាប​ទាន ទី៤


 [១៤] មាន​ភ្នំ​ខ្ពស់​មួយ ឈ្មោះ​កទម្ពៈ នៅ​ជិត​ព្រៃ​ហេមពាន្ត មាន​ព្រះ​បច្ចេកពុទ្ធ ៧ ព្រះអង្គ​នោះ ទ្រង់​គង់នៅ​ខាង​ភ្នំ​នោះ។ ខ្ញុំ​ឃើញ​ផ្កា​ក្ទម្ព បាន​ផ្គង​អញ្ជលី កាន់​ផ្កា ៧ ចង្កោម ហើយ​ថ្វាយ​ដោយចិត្ត​ពេញលេញ។ ខ្ញុំ​លះបង់​រាងកាយ​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ឯឋាន​តាវត្តិង្ស ដោយ​អំពើ​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​កា​រតំ​កល់​ចេតនា​នោះ​ផង។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើអំពើ​ជាកុសល ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ កិលេស​ទាំងឡាយ ខ្ញុំ​បាន​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ចោល​ហើយ ខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ដូចជា​ដំរី​ដ៏​ប្រសើរ កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ដំណើរ​ដែល​ខ្ញុំ​មក​ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​របស់ខ្ញុំ ជា​ដំណើរ​ល្អ​ហ្ន៎ វិជ្ជា ៣ ខ្ញុំ​បាន​ដល់​តាមលំដាប់​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើរួចហើយ។
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 637643685854412288
ទៅកាន់ទំព័រ៖