ព្រះត្រៃបិដក ភាគ ៧៥
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសត្តកទម្ពបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សត្តកទម្ពបុប្ផិយត្ថេរាបទាន។
កោរណ្ឌបុប្ផិយត្ថេរាបទាន ទី៥
[១៥] កាលភពមុន ខ្ញុំកើតជាបុរសអ្នកធ្វើការងារក្នុងព្រៃ ជាមួយនឹងបិតា និងជីតាខ្ញុំ ខ្ញុំរស់នៅដោយការសម្លាប់សត្វ ឯកុសលរបស់ខ្ញុំមិនមានឡើយ។ ព្រះលោកនាយកដ៏ប្រសើរ ព្រះនាមតិស្សៈ ព្រះអង្គមានបញ្ញាចក្ខុ គង់នៅជិតលំនៅរបស់ខ្ញុំ ទ្រង់សម្តែងស្នាមព្រះបាទបីអន្លើ ដោយសេចក្តីអនុគ្រោះ។ ខ្ញុំឃើញស្នាមព្រះបាទានៃព្រះសាស្តា ព្រះនាមតិស្សៈ ដែលទ្រង់ជាន់ទុកហើយ ក៏មានចិត្តត្រេកអររីករាយ បានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះស្នាមព្រះបាទា។
ID: 637643686178318455
ទៅកាន់ទំព័រ៖