ព្រះត្រៃបិដក ភាគ ៧៥
ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឃដមណ្ឌទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឃដមណ្ឌទាយកត្ថេរាបទាន។
ឯកធម្មស្សវនីយត្ថេរាបទាន ទី៧
[១៧] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ប្រកាសនូវសច្ចៈទាំង ៤ បានញុំាងជនច្រើនឲ្យឆ្លងទុក្ខហើយ។ សម័យនោះ ខ្ញុំជាជដិល មានតបធម៌ដ៏ខ្ពង់ខ្ពស់ រលាស់នូវចីវរសម្បកឈើ ហើយហោះទៅឰដ៏អាកាស ក្នុងកាលនោះ។ ខ្ញុំមិនហ៊ានហោះទៅខាងលើព្រះពុទ្ធដ៏ប្រសើរឡើយ ខ្ញុំមិនបាននូវដំណើរទៅមុខ ប្រៀបដូចសត្វសា្លបដែលទើសទាក់នឹងភ្នំ។
ID: 637643687285662466
ទៅកាន់ទំព័រ៖