ព្រះត្រៃបិដក ភាគ ៧៥
វិភេទកិវគ្គ ទី៤៥
វិភេទកពីជិយត្ថេរាបទាន ទី១
[៣១] ព្រះសម្ពុទ្ធព្រះនាមកកុសន្ធៈ មានព្យាយាមធំ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គទ្រង់ចៀសចេញចាកពួក ហើយស្តេចទៅតាមចន្លោះព្រៃ។ ខ្ញុំយកផ្លែសម៉ពិភេទក៍ដោតនឹងវល្លិ សម័យនោះ ព្រះមានព្រះភាគ ទ្រង់ចម្រើនឈានត្រង់ចន្លោះភ្នំ ខ្ញុំបានឃើញព្រះមានព្រះភាគ ជាទេវតាក្រៃលែងជាងទេវតា ក៏មានចិត្តជ្រះថ្លា ហើយថ្វាយផ្លែសម៉ពិភេទក៍ ដល់ព្រះអង្គ ជាអ្នកប្រាជ្ញ ជាទក្ខិណេយ្យបុគ្គល។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែសម៉ពិភេទក៍ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្លែសម៉ពិភេទក៍។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។
ID: 637643705938162161
ទៅកាន់ទំព័រ៖