ព្រះត្រៃបិដក ភាគ ៧៥
វេលុវផលិយត្ថេរាបទាន ទី៣
[៣៣] អាស្រមរបស់ខ្ញុំ ខ្ញុំបានធ្វើល្អហើយ ទៀបឆ្នេរស្ទឹងចន្ទភាគា ជាអាស្រមដ៏ដេរដាសដោយដើមព្នៅ ទាំងមានពួកឈើផ្សេងៗ ដុះនៅក្បែរអាស្រមនោះ។ ខ្ញុំបានឃើញផ្លែព្នៅមានក្លិនក្រអូប បានបេះផ្លែព្នៅនោះ ដាក់ពេញភារៈគឺអម្រែក ហើយត្រេកអរ មានចិត្តសង្វេគ នឹកដល់ព្រះសម្ពុទ្ធដ៏ប្រសើរ។ ខ្ញុំបានចូលទៅគាល់ព្រះអង្គ ព្រះនាមកកុសន្ធៈ ហើយថ្វាយផ្លែព្នៅទុំដល់ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ជាស្រែបុណ្យ ដោយចិត្តជ្រះថ្លា។ ក្នុងកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែព្នៅ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែព្នៅ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញចេញហើយ ភពទាំងអស់ ខ្ញុំបានដករំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643706843943374
ទៅកាន់ទំព័រ៖