ព្រះត្រៃបិដក ភាគ ៧៦

ឯក​បិណ្ឌបាត​ទាយិកា​ថេ​រិយា​បទាន ទី៦


 [៦] ព្រះមហាក្សត្រ​ព្រះនាម​ពន្ធុ​មៈ ក្នុង​ក្រុង​ពន្ធុ​មវតី ខ្ញុំ​ជា​អគ្គមហេសី​របស់​ស្តេច​នោះ បាន​ពោល​នូវ​ពាក្យ​ខ្លះ (នឹង​ស្តេច​នោះ)។ កាលនោះ ខ្ញុំ​អង្គុយ​ក្នុង​ទីស្ងាត់ ហើយ​គិត​យ៉ាងនេះ​ថា កុសល​ដែល​អញ​គួរ​យក​ទៅ​បរលោក អញ​មិនបាន​ធ្វើ​សោះ អញ​នឹង​ទៅកាន់​នរក ដែល​ជា​ឋាន​ក្តៅ​ខ្លាំង​ខ្លោចផ្សា មាន​សភាព​គួរខ្លាច អាក្រក់​ក្រៃលែង​ដោយពិត អញ​មិន​មាន​សេចក្តី​សង្ស័យ​ក្នុង​ដំណើរ​នេះ​ឡើយ។ ខ្ញុំ​ចូល​ទៅ​គាល់​ព្រះរាជា ហើយ​ក្រាបទូល​ដូច្នេះ​ថា បពិត្រ​ព្រះមហាក្សត្រ សូម​ព្រះអង្គ​ប្រទាន​នូវ​សមណៈ​មួយ​អង្គ​ដល់​ខ្ញុំម្ចាស់ ខ្ញុំម្ចាស់​នឹង​និមន្ត​លោក​ឲ្យ​ឆាន់។ ព្រះមហារាជ ទ្រង់ប្រទាន​នូវ​សមណៈ​មួយ​អង្គ ដែល​មាន​ឥន្រ្ទិយ​អប់រំ​ហើយ​ដល់​ខ្ញុំ ខ្ញុំ​ទទួល​នូវ​បាត្រ​របស់​លោក​ហើយ បំពេញ​ដោយ​បាយ​ដ៏​ប្រសើរ។ លុះ​ខ្ញុំ​បំពេញ​ហើយ ធ្វើ​នូវ​បាយ​ដ៏​ប្រសើរ ឲ្យ​ជា​បាយ​លាយ​ដោយ​វត្ថុ​មាន​ក្លិនក្រអូប បិទ​ដោយ​សំណាញ់ គ្រប​ដោយ​សំពត់​លឿង។
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637643924572121349
ទៅកាន់ទំព័រ៖