ព្រះត្រៃបិដក ភាគ ៧៦
ភិក្ខុនីនេះ ជាធីតា ជាឱរសកើតអំពីមាត់របស់តថាគត ទើបជាភិក្ខុនី មានឫទ្ធិច្រើន ជាអ្នកធ្វើតាមអនុសាសនីរបស់តថាគត បានជាមានសេចក្ដីក្លៀវក្លាក្រៃលែងដោយឫទ្ធិ។
លុះខ្ញុំស្ដាប់ព្រះវាចានៃព្រះពុទ្ធហើយ ក៏ត្រេកអរ ពោលនូវពាក្យយ៉ាងនេះថា សូមឲ្យខ្ញុំម្ចាស់ជាស្រ្តីក្លៀវក្លាក្រៃលែងដោយឫទ្ធិ ប្រាកដដូចជាភិក្ខុនីនោះ។ បពិត្រព្រះអង្គជានាយក ខ្ញុំម្ចាស់មានចិត្តអរសប្បាយ រីករាយ មានចិត្តខ្ពង់ខ្ពស់ សូមឲ្យបានដូចភិក្ខុនីនេះ ក្នុងកាលអនាគតពុំខាន។ (ខ្ញុំបានថ្វាយ) នូវបល្ល័ង្កជាវិការៈនៃកែវមណីផង នូវមណ្ឌបដ៏ភ្លឺផ្លេកផង ហើយញ៉ាំងព្រះពុទ្ធជាលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់ឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក។ ខ្ញុំបូជាផ្កាឧប្បលឈ្មោះអរុណ ជាផ្កាដ៏ប្រសើរ របស់ពួកនាគ ចំពោះព្រះពុទ្ធជាលោកនាយក ហើយសូមឲ្យពណ៌សម្បុររបស់ខ្ញុំដូចផ្កានេះ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។
ID: 637643947963840059
ទៅកាន់ទំព័រ៖