ព្រះត្រៃបិដក ភាគ ៧៦
លុះខ្ញុំច្យុតចាកឋានតាវត្តឹង្សនោះហើយ ក៏មកកើតក្នុងឋានមនុស្ស បានថ្វាយបិណ្ឌបាតដែលបិទបាំងដោយផ្កាឧប្បលទាំងឡាយ ចំពោះព្រះពុទ្ធជាសយម្ភូ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះពុទ្ធជានាយក ព្រះនាមវិបស្សី មានព្រះនេត្រដ៏ភ្លឺថ្លា មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ទ្រង់កើតឡើង។ ក្នុងកាលនោះ ខ្ញុំបានកើតជាសេដ្ឋីធីតាក្នុងបុរីដ៏ឧត្ដមឈ្មោះពារាណសី បាននិមន្តព្រះសម្ពុទ្ធ ជាលោកនាយក ព្រមទាំងព្រះសង្ឃ ខ្ញុំថ្វាយមហាទាន បូជាព្រះពុទ្ធជានាយក ដោយផ្កាឧប្បលទាំងឡាយ ហើយប្រាថ្នាឲ្យមានពណ៌សម្បុរល្អដូចផ្កាឧប្បលទាំងនោះ។ ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសច្រើន ប្រសើរជាងពួកជនអ្នកពោល ទ្រង់កើតឡើង។ គ្រានោះ ព្រះរាជាដែនកាសី ព្រះនាមកិកី ជាឥស្សរៈលើប្រជាជន ក្នុងពារាណសីបុរីដ៏ប្រសើរ បានជាឧប្បដ្ឋាកនៃព្រះពុទ្ធជាមហេសី។
ID: 637643948170871258
ទៅកាន់ទំព័រ៖