ព្រះត្រៃបិដក ភាគ ៧៦
កាលណា ព្រះរាជបុត្រទាំងនោះ ដល់នូវវ័យចម្រើនឡើង កំពុងលេងល្បែងក្នុងទឹក បានឃើញស្លឹក និងផ្កាឈូកសំយុងចុះ (មានចិត្តនឿយណាយក្នុងសង្ខារ ក៏ចេញបួស) បានជាព្រះបច្ចេកពុទ្ធជានាយក ក្នុងកាលនោះ។ ខ្ញុំនោះជាអ្នកព្រាត់ប្រាសចាករាជបុត្រដ៏ប្រសើរទាំងនោះ ក៏មានសេចក្ដីសោកស្ដាយ លុះច្យុត (ចាកអត្តភាពនោះហើយ) បានមកកើតក្នុងស្រុកតូចមួយ ទៀបភ្នំឥសិគិលិ។ កាលណា ខ្ញុំមានចិត្តភ្នកនឹកដល់កូន ដែលជាព្រះបច្ចេកពុទ្ធ ក៏នាំយកបបរដើរទៅ ដើម្បីកូនទាំងឡាយផង ដើម្បីខ្លួនផង ខ្ញុំបានឃើញព្រះបច្ចេកពុទ្ធជានាយក ៨ ព្រះអង្គ ដែលកំពុងដើរទៅកាន់ស្រុក ដើម្បីភិក្ខា ក៏នឹករលឹកកូនទាំងឡាយ កាលនោះ ទរនៃទឹកដោះរបស់ខ្ញុំក៏ខ្ពុរចេញ ព្រោះសេចក្ដីស្រឡាញ់ចំពោះកូន។ លំដាប់នោះ ខ្ញុំជ្រះថ្លា បានប្រគេនបបរដល់ព្រះបច្ចេកពុទ្ធទាំងនោះ ដោយដៃរបស់ខ្លួន លុះច្យុតចាកអត្តភាពនោះ ក៏បានទៅកើតឯឧទ្យាន ឈ្មោះនន្ទនៈ ក្នុងឋានត្រៃត្រឹង្ស។
ID: 637643948909933711
ទៅកាន់ទំព័រ៖