ព្រះត្រៃបិដក ភាគ ៧៦

បពិត្រ​ព្រះអង្គ​ជាម​ហា​វីរបុរស ខ្ញុំម្ចាស់​បាន​ទទួល​សុខទុក្ខ អន្ទោល​ទៅ​ក្នុង​ភព​តូច​ភព​ធំ ទាំង​ជីវិត​ក៏​ខ្ញុំ​លះបង់ ដើម្បី​ប្រយោជន៍​នៃ​ព្រះអង្គ។ សេចក្ដី​ទុ​ក្ខ​ផ្សេងៗ ជាច្រើន​យ៉ាង​ក្ដី សម្បត្តិ​ផ្សេងៗ ជាច្រើន​ក្ដី (របស់ខ្ញុំ) រមែង​មាន​យ៉ាងនេះ​ឯង លុះដល់​បច្ឆិមភព ខ្ញុំ​មក​កើត​ក្នុង​សាវត្ថី​បូរី។ ខ្ញុំ​កើត​ក្នុង​ត្រកូល​នៃ​សេដ្ឋី មានទ្រព្យ​ច្រើន ដល់​នូវ​សេចក្ដីសុខ ជា​ត្រកូល​ចាត់ចែង​ល្អ​ហើយ រុងរឿង​ដោយ​រតន​វត្ថុ​ផ្សេងៗ សម្រេចសេចក្ដី​ប្រាថ្នា​គ្រប់យ៉ាង។ ខ្ញុំ​ត្រូវ​គេ​ធ្វើ​សក្ការបូជា​ផង រាប់អាន​កោតក្រែង​ដូច្នោះ​ផង ដល់​នូវ​រូប​សិរី ត្រូវ​គេ​ធ្វើសក្ការៈ​ក្រៃលែង ក្នុង​ត្រកូល​ទាំងឡាយ។ ខ្ញុំ​ជា​ស្រ្តី​ដែល​ពួក​ជន​អ្នកមាន​សិរី​ដោយ​រូប និង​ភោគៈ​ប្រាថ្នា​លើសលុប​ផង ដែល​ពួក​កូន​សេដ្ឋី​ជាច្រើន​រយ​នាក់ ប្រាថ្នា​ហើយ​ផង។ ខ្ញុំ​លះបង់​នូវ​ផ្ទះ​ហើយ ចូល​ទៅកាន់​ផ្នួស កាល​មិនទាន់​ដល់​កន្លះ​ខែ​នៅឡើយ ក៏បាន​លុះ​នូវ​សច្ចៈ ៤។ ខ្ញុំ​និម្មិត​នូវ​រថ​មាន​ជ្រុង ៤ ដោយ​ឫទ្ធិ ហើយ​ថ្វាយបង្គំ​នូវ​ព្រះ​បាទា​នៃ​ព្រះពុទ្ធ ព្រះអង្គ​ជាទី​ពឹង​ដ៏​មាន​សិរី​របស់​សត្វលោក។
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 637643949135714921
ទៅកាន់ទំព័រ៖